• សៅរ៍ ១៥ សីហា ២០២៦ ០៥:៤០ ព្រឹក

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកការធានា ៥ចំណុចជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកការធានាដែលជាអភិក្រមទាំង ៥ចំណុច ជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថាមន្ត្រីរាជរដ្ឋាភិបាលថ្មី ពួកគេនឹងបន្តអភិក្រមនេះ នេះតាមការយល់ដឹងរបស់ខ្ញុំ ព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង, ផ្ទៃក្នុងគណបក្សប្រជាជនក៏មានការស្រុះស្រួលអំពីការងារនេះ ហើយលើការងារជាក់ស្តែងយើងបានពិនិត្យ និងបានធ្វើគ្រាន់តែយើងមិនបានសរសេរចេញជាទ្រឹស្តីតែប៉ុណ្ណោះអញ្ចឹង ឆ្លុះកញ្ចក់ មួជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ជាអភិក្រមដែលចាំបាច់ត្រូវតែធ្វើ ទោះបីជាមិនដាក់ជាទ្រឹស្តី ក៏ត្រូវតែធ្វើដែរ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មន្ត្រីគណបក្សប្រជាជន នឹងមិនឈរនៅមួយកន្លែងនោះទេ នឹងអាចរកឃើញនៅរបៀបដោះស្រាយបញ្ហាបន្ថែមទៀត តាមរយៈការជំរុញអនុវត្តន៍នូវអភិក្រមទាំង ៥នេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយសម្តេច នៅតែបន្តក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងបន្តឱ្យគ្រប់ផ្នែកទាំងអស់ដែលជាមន្ត្រីគណបក្សប្រជាជនបន្តអនុវត្តន៍អភិក្រមទាំង ៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើសិនយើងបោះបង់ចោលអភិក្រមទាំង៥ មាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ នេះ មានន័យថា យើងនឹងមិនបានដឹងពីចំណុចខ្សោយរបស់យើងនៅកន្លែងណានោះទេ ហើយការចោលអភិក្រមនេះស្មើនឹងការបរជ័យ ស្មើនឹងធ្វើឱ្យគណបក្សនយោបាយមួយរលំរលាយទៅបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មី យក ឫមិនយកនូវអភិក្រមទាំង៥នេះ សម្តេចមិនដឹងនោះទេ ប៉ុន្តែសម្តេចសូមអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ ត្រូវប្រើប្រាស់អភិក្រមនេះដោយជៀសវាងមិនបាន ដោយធ្វើទាំងសម្រាប់ខ្លួនឯងផង និងតាមស្ថាប័នផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ